ល្បែងសី


ល្បែងសី ជាល្បែងមួយយ៉ាងសម្រាប់មនុស្សប្រុសកំលោះ ឬចំណាស់ៗ គេលេងនៅទីវាល នាពេលថ្ងៃរសៀលត្រជាក់ នៅរដូវរំហើយ ឬនៅពេលបុណ្យទានផ្សេងៗ នាទីវត្តអារាម
សីមាន យ៉ាងគឺ
. សីមីលោង
. សីដក់
. សីពែន
សីទាំង យ៉ាងមានប្រដាប់សម្រាប់លេង និងរបៀបលេងប្លែកពីគ្នា ដូចរៀបរាប់តទៅនេះ៖
. សីមីលោង វត្ថុដែលគេយកមកធ្វើសីនេះ គឺគេយកបន្ទះផ្ដៅ ឬរំពាក់មកចាក់ជាក្រឡាភ្នែកក្រួច ឲ្យមានសណ្ឋានមូលប្រមាណប៉ុនត្រឡោកដូងធុនតូច ហើយគេនាំគ្នាទាត់លេង
សកម្មភាពនៃអ្នកលេងសីមីលោង ដូចក្នុងរូបភាពខាងក្រោមនេះ៖

អ្នកលេងសីមីលោងគេបបួលគ្នាចំនួន ទៅ នាក់ ដែលគេស្ម័គ្រឲ្យមកឈរដំកង់ជាវង់មូលធំ ឬតូច តាមចំនួនមនុស្សតិចច្រើន ពេលលេងគេចែកជាគូៗ អ្នកណាគូនឹងអ្នកណា ត្រូវឈរទល់មុខអ្នកនោះ មុនដំបូងអ្នកលេងម្នាក់ដែលមានសីនឹងដៃ ក៏តាំងចាប់ផ្ដើមបោះសីទៅឲ្យគូរបស់ខ្លួន គូនោះក៏ទទួលទាត់ដោយខ្នងជើង លុះទាត់ហើយសីនោះក៏អណ្ដែតឡើងខ្ពស់ ហើយធ្លាក់មកវិញ ពេលធ្លាក់នោះ ជួនក៏ចំអ្នកទាត់នោះវិញ ជួនក៏ចំអ្នកដទៃ ហើយអ្នកដែលសីធ្លាក់មកចំនោះក៏ទទួលទាត់ឡើងភ្លាម ចំណែកអ្នកឯទៀតៗ គេត្រៀមខ្លួនចាំ ដោយសម្លឹងប្រុងប្រយ័ត្នភ្នែកជានិច្ច បំរុងតែនិងទាត់នៅពេលដែលសីធា្លក់មកចំខ្លួន ម្នាក់ៗដែលសីធ្លាក់មកចំខ្លួន គេតែងតែស្ទុះទៅទាត់បញ្ជូនទៅឲ្យគូរបស់គេ ប៉ុន្តែជួនក៏បានទៅចំគូរបស់ខ្លួន ជួនក៏ធ្លាក់ទៅចំគូរបស់អ្នកដទៃ ម្លោះហើយគេដណ្ដើមគ្នាទាត់តែរៀងៗខ្លួន
. សីដក់ គេធ្វើដោយបន្ទះផ្ដៅ ឬរំពាក់ ឲ្យមានសណ្ឋានដូចសីមីលោងដែរ ប្លែកតែសីដក់គេធ្វើឲ្យមានទំហំ និងមានក្រឡាធំជាង សីមីលោងបន្តិច សីដកមានរបៀបលេងស្រដៀងនឹង សីមីលោងដែរ ប្លែកតែសីមីលោងគេទាត់ដោយខ្នងជើង ឯសីដក់គេគះដោយកែងដៃ ដោយក្បាលជង្គង់ ដោយស្មា និងដោយក្បាល
សកម្មភាពរបស់អ្នកលេងសីដក់ ដូចរូបភាពនេះ:
. សីពែន គេធ្វើដោយស្លាបសត្វ និងស្បែក ឬស្រកាត្រី គឺពាក់ស្បែកឬស្រកាត្រីត្រួតគ្នា ជាន់ ចៀរជាសណ្ឋានមូល ចោះចំកណ្ដាល ជាប្រហោងហើយយកស្លាបសត្វ ដែលខ្លីៗល្មមមកជ្រំឲ្យស្មើ រួចសកគល់ស្លាបនោះទៅក្នុងរន្ធស្បែក ឬស្រកាត្រីនោះ ហើយបត់ទៅខាងៗ ដោយចងខ្សែលួសឆ្មារភ្ជាប់ទៅនឹងស្បែក ឬស្រកាត្រីនោះ ការពារមិនឲ្យរបួត រួចគេយកទៅទាត់
សកម្មភាពរបស់អ្នកលេងសីពែន ដូចក្នុងរូបភាពនេះ:
របៀបលេងសីពែន គេបបួលគ្នាឲ្យបានចំនួនតាំងពី នាក់ឡើងទៅ មកឈរដំកង់ជារង្វង់មូល ទល់មុខគ្នាជាគូៗ គឺអ្នកណាគូនឹងអ្នកណា ត្រូវឈរទល់មុខគ្នានឹងអ្នកនោះ កាលបើឈរស្រួលបួលហើយ ម្នាក់ដែលកាន់សីនៅដៃក៏បោះសីទៅឲ្យម្នាក់ទៀត ដែលជាគូរបស់គេ គូនោះក៏ទទួលទាត់ដោយបាតជើង គឺគេលើកជើងឡើងហើយរលាស់បត់ត្រង់កជើងឲ្យបាតជើងខ្វេរឡើងលើ ដូចគេអង្គុយពែនទើបគេហៅថាសីពែន ពេលទាត់គេទាត់តម្រង់ឲ្យចំសីៗ ក៏អណ្ដែតឡើង ហើយធ្លាក់ចុះមកវិញ បើធ្លាក់មកចំអ្នកណា អ្នកនោះគេទាត់បន្តឡើងទៀត ,បើធ្លាក់មកចំអ្នកទាត់ដដែលវិញ អ្នកនោះក៏ទទួលទាត់វិញដែរ បើសីធ្លាក់មកចំអ្នកណាហើយអ្នកនោះទទួលទាត់មិនត្រូវ ឬក៏សីនោះធ្លាក់ឆ្ងាយអំពីអ្នកលេងទាំងអស់គ្នា នាំឲ្យអ្នកលេងរត់ទៅទទួលទាត់មិនទាន់ សីក៏ធ្លាក់ដល់ដី បើធ្លាក់ក្បែរកន្លែងអ្នកណាជាងគេ អ្នកនោះគេរើសបោះទៅឲ្យគូរបស់គេ ដើម្បីឲ្យទាត់តទៅទៀត ពេលដែលសីធ្លាក់មកម្ដងៗទាំងអស់គ្នាតែងតែសម្លឹងមើលទៅសីគ្រប់ៗ គ្នា ក្រែងធ្លាក់មកចំខ្លួន ជួនក៏អ្នកទាំង នាក់នឹកត្រូវគ្នា គឺនាក់ម្នាក់នឹកថា សីធ្លាក់មកចំខ្លួន ម្នាក់ទៀតក៏ថា ចំខ្លួនដែរ នាំឲ្យស្ទុះទៅទាត់ដណ្ដើមគ្នាក៏មាន
ម្នាក់ៗដែលសីធ្លាក់មកចំហើយ តែងតែមានចិត្តនឹកថា នឹងទាត់បង្វែរទៅឲ្យគូរបស់ខ្លួនៗ តែជួនកាលក៏បានសម្រេច ជួនកាលក៏មិនបានសម្រេចដែរ ដោយសីនោះមិនទៅចំដូចបំណង
សីពែននេះ គេទាត់ឬគះ បានតែដោយបាតជើង,ភ្នែកគោលកែងជើង,កែងដៃ, ក្បាលជង្គង់,ក្បាល,ស្មា ប្រហែលសីដក់ដែរ តែគេហាមផ្ដាត់មិនឲ្យទាត់ដោយខ្នងជើង ឬទះដោយបាតដៃឡើយ
ល្បែងសីទាំង មុខនេះ បើអ្នកលេងសុទ្ធតែប៉ិនប្រសប់ ក្នុងពេលទាត់មួយលើកៗ សីមិនសូវធ្លាក់ដល់ដីទេ យូរៗទើបមានធ្លាក់ដល់ដីម្ដង
ល្បែងសី ជាកីឡាដ៏ប្រសើរមួយរបស់ខ្មែរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាលនេះ ក៏នៅតែមានតម្លៃនៅឡើយ ហើយជាកីឡាហាត់ប្រាណមួយយ៉ាង ខាងកាយសម្បទា ប្រហែលនឹងកីឡាបាល់ទាត់ដែរ





មុន បន្ទាប់