ល្បែងចោះប្រមាត់


ល្បែងចោះប្រមាត់ ជាល្បែងមានតែនៅក្នុងកំពង់ភ្លុក ភូមិកំពង់ឃ្លាំង ស្រុកសូត្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ជាភូមិនៅមាត់ទន្លេសាប​។ អ្នកស្រុកទាំងនេះគេតែងលេង ល្បែងនេះប្លែកពីស្រុកឯទៀត។
 ល្បែងនេះគេលែងតែក្នុងរដូវវស្សា តាំងពីពេលដាក់បិណ្ឌទៅទល់នឹងថ្ងៃ ចេញវស្សា គឺពីថ្ងៃ១រោច ខែភទ្របទ ទៅទល់នឹងថ្ងៃ ១៥កើតខែកត្តិក រៀងរាល់ឆ្នាំ។
របៀបលេងៈ មានទូកពីរ ១សម្រាប់ដេញ សុទ្ធតែប្រុស ១សម្រាប់រត់ សុទ្ធតែស្រី ទំហំនិងចំនុះទូកស្មើគ្នា ហើយចំនុះមានកំរិត ត្រឹមពី ៤នាក់ទៅ១០នាក់យ៉ាងច្រើន។ បើមានអ្នកលេងច្រើនគេប្ដូទូក ជាគួៗទូក ប្រុស១ទូកស្រី១ជាមួយគួ។
សកម្មភាពរបស់អ្នកលេង ដូចក្នុងរូបភាពខាងមុខនេះ៖

គេលេងល្បែងនេះ ក្នុងទីដែមានទឹករាក់ៗជម្រៅត្រឹមក ឬលិចក្បាល។ ពេលផ្ដើមលេង អ្នកលេងទាំងពីរពួក គេចុះទូកពេញៗចំណុះតែរៀងខ្លួនហើយទូកខាងប្រុសធ្វើជាអុំលេងៗ ទៅរកទូកខាងស្រីណាដែលជាគួនឹងទូកខ្លួន លុះខាងប្រុសអុំលេងៗ ទៅជិតទូកខាងស្រី ប្រុសៗស្រែកសួរថាចោះប្រមាត់? ស្រីៗជួនកាលឆ្លើយថាចោះក៍ចោះជួនកាលឆ្លើយថាទេជួនកាលឥតឆ្លើយតប។ ឯខាងប្រុសទោះបានឮពាក្យថា ព្រមក្ដី មិនព្រមក្ដី ឬស្ងៀមក្ដី ក៏ស្រែងព្រមគ្នាថាដេញៗ ឮតែប៉ុណ្ណោះ ខាងស្រីក៏អុំទូករត់ខាងប្រុសក៏ប្រឹងអុំទូកតាម ។ ការដេញតាមនោះ ជួនកាលទាន់ ជួនកាលទេ ស្រេចតែលើកម្លាំងរៀងខ្លួន បើខាងប្រុសដេញទាន់ ក៏គេលោតទៅតោងទាញទូកខាងស្រីអោយលិច ហែលព្រាតព្រោង​។ ពេលនោះខាងស្រីៗដេញញៀចស្រីៗ ត្រាតែអស់ចិត្តអស់ថ្លើម ហត់រៀងខ្លួន ទើបគេនាំគ្នាស្ដារទូកឡើងហើយគេនាំគ្នាអុំលេងតទៀតសារជាថ្មី កាលដេញទាន់ពន្លិចបានគេញៀចគ្នាជាថ្មីទឿត។ បើលេងពេលព្រឹកត្រាតែដល់ពេលបាយ បើលេងពេលយប់ត្រាតែពាក់កណ្ដាល អធ្រាត្រ ទើបខាងប្រុសគេបើអោយខាងស្រីទៅផ្ទះរៀងខ្លួនល្បែងនេះ ជាទំនៀមរបស់អ្នកស្រុក ដូចមានឈ្មាះខាងលើ គេលេងដោយស្មោះត្រង់ ឥតមានប្រកាន់ថាខុសឬត្រូវអ្វីឡើយ គិតតែនាំគ្នារីករាយ សប្បាយកំសាន្ដមួយយ៉ាងតែប៉ុណ្ណះ។
 ល្បែងនេះ រាប់ចូលក្នុងការហាត់ប្រាណ ហាត់កម្លាំងអោយរាងកាយឡើងសាច់ដុំមានសុខភាពល្អ ប្រហាក់ប្រហែលគ្នា នឹងកីឡាហែលទឹកសព្វថ្ងៃនេះដែរ៕





មុន បន្ទាប់