ល្បែងរាវបង្កង ជាល្បែងម្យ៉ាងសម្រាប់កម្សាន្ត សប្បាយនៃពួកកុមារាកុមារីតូចៗ
ឬជំទង់ៗ។
គេលេងនៅពេលរាត្រីខែភ្លឺក៏បាន
ចំនួនអ្នកលេងមិនកំនត់។
សកម្មភាពរបស់អ្នកលេង ដូចក្នុងរូបភាពនេះ៖
មុននឹងលេង គេបបួលពួក កុមារាកុមារី អោយបានច្រើនគ្នា។
គេយក ក្រមាឬកន្សែងចងខ្ទប់ភ្នែកកុមារ ២ នាក់អោយជិត
ហើយគេលែងកុមារទាំង ២ នាក់ នេះអោយដើរវាវរកចាប់គ្នា។ បណ្ដាអ្នកទាំង
២ នេះ គេអោយម្នាក់កាន់បំពង់ឬស្សី ឬ ត្រឡោកដូងក៏បានដើរគោះត្រង់នេះ
១ប៉ូក ត្រង់នោះ ១ប៉ូក ពេល ដែលគោះហើយ
អ្នកគោះនោះត្រូវគេចខ្លួនអោយរហ័សដោយកុំអោយឮស្នូរជើង។ ចំណែកម្នាក់ទៀតជាអ្នករាវរកចាប់អ្នកគោះបំពង់ឬស្សី ឬត្រលោកដូងនោះ
កាលណា ឮស្នូរសំលេងគេគោះត្រង់ណា អ្នករាវក៏ស្ទុះទៅស្រវាឱបដោយស្មាននៅកន្លែងនោះ
ឬកន្លែងក្បែរៗនោះ ស្រេចតែកលល្បិចរបស់ខ្លួនយ៉ាងណាអោយតែចាប់អ្នកគោះបាន។ បើអ្នករាវគេប៉ិនប្រសប់ស្នូរជើងដើរ
គេស្ទុះទៅអោបស្មានៗ ត្រង់កន្លែងស្នូរជើងនោះ
ជួនក៏រាវចាប់បានជួនកាលក៏មិនបាន។ បើកាលណាអ្នករាវរកចាប់មិនបាន
គេទុកអ្នកគោះត្រឡោកនោះជាឈ្នះ បើអ្នករាវចាប់បានគេអោយអ្នករាវជាអ្នកគោះត្រឡោកវិញម្ដង គេលេងរបៀបនេះរហូតដល់ពេលឈប់លេង
ឯអ្នកណាជាអ្នកគោះត្រឡោកមុន ឬជាអ្នករាវរកមុននោះ
ពុំកំណត់ទេ ស្រេចលើការព្រមព្រាងគ្នា។
ល្បែងនេះ ជាការហាត់ត្រចៀកអោយស្ទាត់ក្នុងការស្ដាប់សំឡេងនិង
ឱ្យមានស្មារតីរឹងប៉ឹងរហ័សដៃ-ជើង៕
