ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្តរបស់យុវជនខ្មែរទាំងបុរស
ទាំងស្ត្រី កម្លោះ ក្រម ។ ល្បែងនេះ
គេលេងដោយប្រើកម្លាំងកាយជាមូលហេតុ ហើយគេលេងតែនៅរដូវចូលឆ្នាំខ្មែរ គឺខែចែត្រ-ពិសាខ
ប៉ុណ្ណោះ ។ គេច្រើននិយមលេងក្នុងវត្តអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្តមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ
តែអាចលេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនេះមានមនុស្សនៅផ្ដុំគ្នាច្រើន
ហើយមានទីវាលល្មមលេងកើត ។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ
តែបើប្រសិនជាមានចង្កៀងយ៉ាងភ្លឺ ឬពន្លឺព្រះចន្ទភ្លឺថ្លាល្អ
គេអាចលេងនៅពេលយប់ក៏បាន ។
សមាសភាពនៃអ្នកលេង ល្បែងនេះ
គេចែកមនុស្សអ្នកលេងជា ២ ក្រុម ម្ខាងៗ យ៉ាងតិចត្រឹម ៥ នាក់ ឬ ១០
នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ
តែតាមទម្លាប់អ្នកស្រុកបើមានមនុស្សស្រីចូលលេងផង គេឲ្យស្រីៗនៅម្ខាង
ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកម្លាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីឲ្យមានចំនួនច្រើនលើសខាងប្រុស
យ៉ាងតិចត្រឹម ២ នាក់ជាដរាប គឺបើខាងប្រុស ៨ នាក់ គេដាក់ខាងស្រី
១០ នាក់ ។
គ្រឿងប្រដាប់សម្រាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោ ស្បែកក្របីធ្វើជាព្រ័ត្រ ឬគេយកពួរធ្វើដូងជាព្រ័ត្រ សម្រាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនិងយកសម្កោរ ឬគងម៉ង ឬក៏រគាំង ១ សម្រាប់ទះ ឬសម្រាប់វាយ នៅពេលដែលទាញដំបូង ។
គ្រឿងប្រដាប់សម្រាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោ ស្បែកក្របីធ្វើជាព្រ័ត្រ ឬគេយកពួរធ្វើដូងជាព្រ័ត្រ សម្រាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនិងយកសម្កោរ ឬគងម៉ង ឬក៏រគាំង ១ សម្រាប់ទះ ឬសម្រាប់វាយ នៅពេលដែលទាញដំបូង ។
សកម្មភាពនៃអ្នកលេង ដូចក្នុងរូបភាពនេះ៖
ពេលលេងម្ដងៗ អស់ថេរវេលាពី ៥-៦ នាទី ១០ នាទី ឡើងទៅ ទើបឃើញឈ្នះ ឃើញចាញ់ម្ខាងៗ ។
កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មីតទៅទៀត ដរាបដល់ហត់តែរៀងៗខ្លួនទើបឈប់ ។
ល្បែងនេះ ចាក់ទុកជាការហាត់កម្លាំង ហាត់ប្រាណ ឲ្យរាងកាយមានកម្លាំងមានសុខភាពល្អ ៕
