ល្បែងស្ដេចចង់ ជាល្បែងមួយយ៉ាង
ដែលពួកកុមារា កុមារី ជំទង់ៗគ្រប់ភូមិ-ស្រុក ទូទាំងកម្ពុជរដ្ឋ
តែងលេងនៅពេលទំនេរ ក្នុងវេលាយប់ខែភ្លឺ ។ អ្នកលេងមានប្រុស មានស្រីច្រើននាក់មិនកំណត់
។ ពេលលេងគេចែកគ្នាជា ២ ពួក ប្រុសមួយពួក ស្រីមួយពួក ។ ក្នុងបណ្ដាអ្នកទាំងពីរពួកនោះ គេតាំងប្រុសឬស្រីម្នាក់ឲ្យធ្វើជាស្ដេច
ឲ្យអង្គុយនៅទីមួយចំកណ្ដាលទី លើកៅអី ឬលើវត្ថុអ្វីមួយ មានត្បាល់ជាដើម ។
សកម្មភាពរបស់អ្នកលេងដូចរូបភាពនេះ៖
ការអ្នកធ្វើស្ដេចអង្គុយលើទីដីសមគួរមួយហើយ ខាងស្រីគេឲ្យស្រីម្នាក់ដើរចូលទៅខ្សឹបនឹងស្ដេចថា
ខ្លួនស្រលាញ់ឈ្មោះណាមួយ ឧបមារថាឈ្មោះ ក ឬ ខ ខ្សឹបហើយគេថយមកអង្គុយ
ឬក៏មកឈរនៅកន្លែងដើមវិញ ។ ខាងប្រុសគេឲ្យប្រុសម្នាក់ដើរចូលទៅរកស្ដេចដែរ ប្រសិនជាមិនចំឈ្មោះដែរគេខ្សឹបទុកជាមុនទេ
ក៏ហើយទៅ តែបើប្រុសដែលមកនោះ ចំលើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន
ស្ដេចស្រែកថា អៀវៗ ហើយឲ្យស្រីនោះជិះប្រុសនោះតម្រង់ទៅរកកន្លែងគេ
កំពុងជិះគេស្រែកថា អៀវៗ ហើយគេបញ្ជិះទៅចុះនៅកន្លែងខាងស្រី ។
រួចហើយខាងប្រុសគេឲ្យខាងប្រុស គេម្នាក់ចូលទៅខ្សឹមម្ដង
បើប្រុសនោះចូលខ្សឹមថា ខ្ញុំស្រលាញ់នាងណាមួយ ឧបមាថាឈ្មោះ
ខ ខ្សឹបហើយគេថយទៅវិញបើស្រីម្នាក់ឈ្មោះ ខ ចូលទៅមែន ស្ដេចស្រែកថា អៀវៗ
ហើយឲ្យប្រុសនោះជិះស្រីនោះ ស្រែកថា អៀវៗ ដូចគ្នា ។ បានសេចក្ដីថា បើខាងណាចូលទៅខ្សឹបថា
ខ្លួនស្រលាញ់ឈ្មោះ ក ហើយបែរជាឈ្មោះ ខ ចូលមករកស្ដេចវិញ នោះស្ដេចមិនឲ្យអ្នកខ្សឹបជិះឬ
អៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេឲ្យម្ខាងចូលទៅខ្សឹបជាថ្មីទៀត
។ ចេះតែផ្លាស់គ្នាតាមរបៀបនេះរហូតដល់ពេលយប់ ។អ្នកដែលធ្វើស្ដេចត្រូវមើលការខុសត្រូវក្នុងរឿងនេះ
ដោយសច្ចៈ និងយុត្តិធម៌ ។ ល្បែងនេះស្រេចលើអ្នកធ្វើស្ដេច
បើអ្នកធ្វើស្ដេចប្រកបដោយអគតិ ចង់ឲ្យអ្នកណាជិះអ្នកណា
ក្រៅពីឈ្មោះដែលគេខ្សឹបក៏បាន គឺថា បើម្នាក់ចូលទៅខ្សឹបថា ស្រលាញ់ឈ្មោះ
ក ហើយទោះបីឈ្មោះ ខ ចូលមក ស្ដេចស្រែកថា អៀវៗ ក៏ចេះតែបាន
ព្រោះអ្នកចូលទៅក្រោយមិនបានឮអ្នកមុនចូលទៅខ្សឹបថា ស្រលាញ់ឈ្មោះណាៗទេ
។ តែបើមានរបៀបលេងលំអៀងបែបនេះ អ្នកលេងណាដែលចាប់ថ្នាក់បានតវ៉ាឡើង
អាចសុំគេឲ្យសុំប្ដូរអ្នកធ្វើស្ដេចបាន ប្រសិនបើអ្នកធ្វើស្ដេចប្រកបដោយសច្ចៈនិងយុត្តិធម៌
នោះការលេងនោះទៀងទាត់ណាស់ ។
ល្បែងនេះជាល្បែងកំសាន្តក៏មែន តែជាល្បែងហាត់ចិត្តមនុស្សឲ្យប្រកបដោយសច្ចៈនិងយុត្តិធម៌
មិនឲ្យប្រកបដោយអគតិ
(សេចក្ដីលំអៀង) ៤ យ៉ាងគឺ សច្ចៈគតិ លំអៀងព្រោះស្រលាញ់, ទោសាគតិ លំអៀងព្រោះខឹង,ភយាគតិ
លំអៀងព្រោះខ្លាច,មោហោគតិ
លំអៀងព្រោះភ័ន្តច្រឡំ ។ ម្យ៉ាងទៀត ជាការបង្ហាត់មនុស្សឲ្យចេះជ្រើសតាមគ្នា ឲ្យធ្វើជាតំណាងភ្នែកច្រមុះខ្លួនផង
គឺត្រូវចេះជ្រើសរើសរកនរណា ដែលគេយល់ថា ជាមនុស្សត្រឹមត្រូវបរិសុទ្ធ
ធ្វើការបានល្អតាមគន្លងធម៌ពិតៗ ៕
