ល្បែងប៉ក់ចាប ជាល្បែងខ្មែរមួយយ៉ាង
លេងដោយកុមារា កុមារីជំទង់ៗ ឬកម្លោះក្រមុំក៏អាចលេងបាន
តែគេច្រើនលេងដោយពួកៗ គឺប្រុសសុទ្ធតែប្រុស ស្រីសុទ្ធតែស្រី
ហើយគេលេងនៅពេលណាក៏បានតែច្រើនតែពួកក្មេងៗ គង្វាលគោ ក្របី
ដែលដេញហ្វូងគោក្របី របស់ខ្លួនទៅ ស៊ីស្នៅនៅវាលស្រែ...ពេលព្រឹក
ឬល្ងាចហើយលេងកំសាន្តសប្បាយនៅក្រោមម្លប់ឈើ
ក្នុងពេលដែលក្របីគោរបស់ខ្លួនកំពុងស៊ីស្មៅយ៉ាងស្ងៀម ស្ងាត់។
របៀបលេង
ដំបូងគេបបួលគ្នាឲ្យបានចាប់ពី ២នាក់ឡើងទៅគេរកគ្រាប់ក្រួសឲ្យបាន ៥ ឬ ១០
គ្រាប់ក្នុងម្នាក់ៗ តែចំនួនគ្រាប់នេះ មិនកំណត់ជា ៥ ឬ ១០ នោះទេ
ស្រេចតែអ្នកលេងទាំងសងខាងព្រមព្រៀងកំណត់ជាមុន។ តែតាមធម្មតា
គេច្រើនតែកំណត់ត្រឹម ៥ គ្រាប់ម្នាក់ ប៉ុណ្ណោះ។
ល្បែងនេះគេលេងដោយចាត់ជាថ្នាក់ៗគឺលាក់ ទាយ ប៉ក់ រកឈ្នះចាញ់។
ក្នុងទីនេះ និយាយចំពោះតែអ្នកលេង
២ នាក់នឹងគ្រាប់សម្រាប់លេង ៥
គ្រាប់ម្នាក់ដើម្បីឲ្យងាយយល់តាមលំដាប់ថ្នាក់ដូចតទៅ៖
សកម្មភាពនៃអ្នកលេង
ដូចរូបភាពនេះ៖
ថ្នាក់ទី១-លាក់ កាលគេរកគ្នាជាអ្នកលេង
និងគ្រាប់សម្រាប់លេងបានហើយ គេអង្គុយទល់មុខគ្នា ដៃម្ខាងក្តាប់គ្រាប់ក្រួស
ដៃម្ខាងទុកឲ្យ នៅទំនេរគ្រប់គ្នា។ គេលាក់គ្រាប់ក្រួសនោះដោយដាក់ទាំង ២
មកខាងក្រោយខ្នងទាំងអស់គ្នា ហើយបន្លេចគ្រាប់ក្រួសមកដាក់ខាងដៃទទេ
(ដាក់ប៉ុន្មានក៏ស្រេចតែចិត្តរបស់ខ្លួនគ្រប់គ្នា) ដោយប្រុងប្រយ័ត្ន
កុំឲ្យអ្នកលេងទាំងអស់គ្នាដឹង ចំណែកដៃដែលដាក់គ្រាប់ថ្មីនេះ
ក៏គេក្តាប់ឲ្យជិតមកពី មុខរៀងខ្លូន។
ថ្នាក់ទី២-ទាយ
កាលលាក់រួចស្រេចគ្រប់គ្នាអស់ហើយ គេក៏ចាប់ទាយ ឧបមាថា អ្នកទី ១ ទាយថា ៣, អ្នកទី ២
ទាយថា ៥ រួចហើយគេ បើកដៃក្តាប់នោះទាំងអស់គ្នាឡើង រាប់គ្រាប់មើលទាំងអស់គ្នា
ឃើញអ្នកទី ១ ដាក់ ១ គ្រាប់ អ្នកទី ២ ដាក់ ៣ គ្រាប់ រួមចំនួនគ្រាប់
ដែលលាក់ទាំង ២ នាក់ ត្រូវចាប់ផ្តើមលាក់សាជាថ្មីម្តងទៀត ហើយទាយដូចមុន។
ប្រសិនបើអ្នកទី ១ ទាយថា ៥ អ្នកទី ២ ទាយថា ៣ លុះបើកដៃឡើងឃើញអ្នកទី ១ ដាក់ទី
២ អ្នកទី ២ ដាក់ទី ៣ រួមគ្រាប់ទាំង ២ នាក់ ត្រូវជា ៥ ដូច្នេះ
ការនេះឈ្មោះថាអ្នកទី ១ ត្រូវប្រមូលគ្រាប់ទាំងអស់ពីអ្នកទី ២
មកដាក់បញ្ចូលគ្នាជាមួយនឹង គ្រាប់របស់ខ្លួនទាំងអស់។
ថ្នាក់ទី៣-ប៉ក់
អ្នកប៉ក់ទី ១ ដាក់គ្រាប់ទាំងអស់ក្នុងកំបង់ដៃម្ខាង
ហើយលើកគ្រាប់ទាំងអស់នោះចោះទៅលើបន្តិច ដោយដៃម្ខាងថ្នមៗ
កំឲ្យគ្រាប់បាចសាចរាយប៉ាយរួចត្រលប់ត្រង់គ្រាប់ទាំងអស់ដោយខ្នងដៃ
ឧបមាថាត្រងបាន ៤ គ្រាប់ ហើយលើកគ្រាប់ ៤ នោះបោះទៅលើម្តងទៀត រួច
ត្រឡប់ត្រងចាប់ ខាងបាតដៃវិញ មេចាប់បានមិនជ្រុះឈ្មោះថា បាន៤គ្រាប់នោះ
បើត្រឡប់ត្រូវខាងបាតដៃនោះ មានជ្រុះខ្លះគេហៅថា "ក្អួត"
អ្នកប៉ក់ ទី ១ នោះត្រូវបានគ្រាប់អ្វីបន្តិចបន្ទួចនោះទេ
ត្រូវប្រគល់គ្រាប់ទាំងអស់ទៅអ្នកទី ២ ក៏ត្រូវចាប់ផ្តើមប៉ក់ដូចអ្នកទី ១
ដែរ ឧបមាថា បើអ្នកទី ២ នេះប៉ក់ទៅ
គ្មានក្អួតបាន៣គ្រាប់នោះគ្រាប់ត្រូវនៅសល់តែ ៧ ទេ អ្នកទី ១
ក៏ប្រមូលគ្រាប់ទាំង ៧ នេះទៅប៉ក់ទៀត ឧបមាថា បាន ៤
គ្រាប់ដូច្នេះគ្រាប់សល់តែ ៣ អ្នក ទី ២ យកគ្រាប់ទាំង ៣ នេះទៅប៉ក់
ឧបមាថាអ្នកទី ២ ប៉ក់បានទាំង៣គ្រាប់នេះតែម្តងដូច្នេះឃើញថាអស់គ្រាប់ហើយ។
ថ្នាក់ទី៤-រកឈ្នះចាញ់
អម្បាញមិញនេះ អ្នកលេងទាំងពីនាក់គឺអ្នកទី ១ ប៉ក់បានតែ ៤ គ្រាប់ ឯអ្នកទី ២
ប៉ក់បានដល់ទៅ ៦ គ្រាប់ដូច្នេះអ្នកទី ១ ត្រូវខ្វះ ១ គ្រាប់ អ្នកទី ២ លើស ១
គ្រាប់ ហើយអ្នកទី ១ ត្រូវខ្ចីអ្នកទី ២ មួយគ្រាប់ ដើម្បីឲ្យបានគ្រប់ជា ៥
គ្រាប់ដូចដែលបានកំណត់ពីខាងដើមប៉ក់ហើយ ចាប់ផ្តើមសាជាថ្មីឡើងវិញទៀត។
ការលេងមួយលើកមកនេះ
ឃើញថាអ្នកទី ១ ជំពាក់អ្នកទី ២ មួយគ្រាប់ហើយ បើលេង ១ លើកទៀតអ្នកទី ១
ជំពាក់គេ ២ ឬ ៣ គ្រាប់ទៀតសង គេពុំរួចវិញ លុះជំពាក់គេដល់ ១០ គ្រាប់
ត្រូវឲ្យគេជោះម្តងព្រោះល្បែងនេះគេកំណត់ត្រឹមជំពាក់ ១០ ត្រូវជោះម្តង
បានឈ្មោះថាចាញ់ ១ ទឹកដឺរ។ ប៉ុន្តែ បើអ្នកទី ១នេះ
ប៉ក់បានច្រើនគ្រាប់លើសពីគ្រាប់ដែលកំណត់នោះ គេអាចសងទៅអ្នកទី ២ វិញបាន។
សងប៉ុន្មានគ្រាប់ឈ្មោះថាបានរួចប៉ុណ្ណោះដែរ។
ការលេងជោះនោះ
គឺគេខោកក្បាលជង្គង់ដោយក្រញដៃជោះមាន ២ បែបគឺជោះបាយក្តៅ ១ បែបចំនួន ១០
ឬ ៥ ដង។ បើជោះបាយត្រជាក់ គែខោកតិចៗស្រាលៗចំនួន ១១ ឬ ១៥ ដងដែរ។
ជោះហើយគេចាប់ផ្តើមលេងសាជាថ្មីទៀតគេលេងតែរបៀបនេះរហូតដល់ពេលឈប់។
ល្បែងនេះគេលេងដើម្បីជាការកំសាន្តផង
ដើម្បីហាត់ហ្វឹកហ្វឺនចិត្តគំនិត
ឲ្យស្គាល់អធ្យាស្រ័យរបស់មនុស្សទូទៅក្នុងការលាក់កុំពុត
ឬអាថ៍កំបាំងអ្វីផ្សេងៗផង៕
