ល្បែងលាក់កូនកាស ជាល្បែងមួយយ៉ាង
សម្រាប់ក្មេងជំទង់ៗលេងកំសាន្តសប្បាយ។ ល្បែងនេះ គេលេងបានតែនៅក្នុងទឹកអូរ
ឬទន្លេ ដែលមានជម្រៅត្រឹមចង្កេះ
ឬត្រឹមដើមទ្រូងក្មេងៗអ្នកត្រូវការលេងនោះៗ។
របៀបលេង ក្មេងៗបបួលគ្នាឲ្យបាន
៤ ទៅ ៥ នាក់ឡើងទៅគេចុះទៅក្នុងទឹកជម្រៅដូចពោលខាងលើ ហើយយកកំណាត់ឈើ
ឬដើមស្នោរ ខ្លីៗ ដែលជាវត្ថុស្រាលៗ អណ្តែតទឹក
ធ្វើជាខ្នាត់ដាក់បណ្តែតលើខ្នងទឹក បង្ហាញអ្នកលេងទាំងអស់គ្នា
ឲ្យឃើញច្បាស់នឹងភ្នែកថានេះជា "កូនកាស" កុំឲ្យច្រឡំនឹងកំណាត់ឈើឯទៀត
ហើយអ្នកលេងទាំងអស់គ្នា គេនាំគ្នារើសកំណាតឈើផ្សេងៗ
ដែលមាននៅក្នុងទឹកត្រង់កន្លែងលេងនោះចេញអស់ ដើម្បីកុំឲ្យច្រឡំ
នឹងកូនកាសរបស់ខ្លួន
ហើយគេនាំគ្នាឈរដំកង់ជាវង់ក្នុងទឹកដាក់ខ្នាត់ជាកូនកាសនៅចំកណ្តាលវង់។
សកម្មភាពនៃអ្នកលេងដូចក្នុងរូបភាពខាងមុខនេះ៖
លុះរៀបស្រួលបួលហើយគេនាំគ្នាបញ្ជ្រោកទឹកពន្លិច
ឬបន្សាត់កូនកាសចេញ ហើយឈប់បង្អង់បន្តិច ទើបនាំគ្នាគន់រកមើលខ្នាត់ដែល
អណ្តែតឡើង ហើយរសាត់ឆ្ងាយពីខ្លួនបើអ្នកណារកឃើញមុនគេហើយចាប់យកខ្នាត់នោះបាននោះត្រូវដេញញៀចស្លឹកត្រចៀក
គឺមួលស្លឹកត្រចៀក អ្នកទាំងអស់គ្នាដែលរកពុំឃើញ។
មុននឹងទៅដេញចាប់ញៀចគេនោះអ្នកបានខ្នាច់នោះគេស្រែកជាសញ្ញាថា
"ញៀច"។ ពេលនោះ បើអ្នកណាមុជ ទឹកទាន់ អ្នកនោះត្រូវរួចខ្លួន
អ្នកដេញញៀចមិនបានត្រូវគេទេ។
ល្បែងនេះ
ជាល្បែងមួយសម្រាប់លេងជាកំសាន្តផងសម្រាប់ហាត់ភ្នែកឲ្យរហ័សឲ្យវៃក្នុងការពិនិត្យរកវត្ថុអ្វីផ្សេងៗ
នឹងជាកីឡាហែលទឹក គឺការហក់ហែលទៀតផង៕
